នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ៖ វិមានឈ្នះឈ្នះគឺ ជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយ អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានមានប្រសាសន៍បានឱ្យដឹងថា វិមានឈ្នះឈ្នះគឺ ជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះបានក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះបើយោងតាមក្រសួងព័ត៌មាន។
នាយឧត្ដមសេនីយ៍ ថ្លែងថា រាជរដ្ឋាភិបាលត្រៀមរៀបចំប្រារព្វពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្ហាញពីការរួមគ្នាការពារ សុខសន្ដិភាព ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ និងជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។
ឯកឧត្ដម បានឱ្យដឹងបន្ថែមថា បាវចនារបស់វិមានឈ្នះឈ្នះបានដាក់ចេញនូវខ្លឹមសារ៣គឺ ១កតញ្ញូ ២ សុខដុម និង៣ការចូលរួម ដែលសំដៅទៅលើការដឹងគុណ ការគោរពប្រតិបត្តិទៅដល់មគ្គុទេសភាពរបស់សម្ដេចតេជោ និងថ្នាក់ដឹកនាំដែលបានបន្តវេននាពេលបច្ចុប្បន្ននេះ និងខិតខំធ្វើទៅតាមគោលការណ៍ទាំងឡាយដែលមាន។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានបន្ថែមទៀតថា នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ នឹងមានរៀបចំពិធីដើម្បីសម្ដែងនូវភាពកិត្តិយស ការដឹងគុណ ជាមួយនឹងសន្តិភាពដែលទទួលបានដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ។
ឯកឧត្ដម សង្ឃឹម និងជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹងបន្ដចូលរួមសាមគ្គីគ្នា ការពារសន្ដិភាពជារៀងរហូត មិនត្រឹមតែថ្ងៃប្រារព្វពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» គឺអាចចូលរួមបានរៀងរាល់ថ្ងៃ គ្រប់ពេល គ្រប់កន្លែងទាំងអស់ ប្រៀបដូចជាបានធ្វើបុណ្យដ៏ល្អធំធេង។ «ហើយការចូលរួមគឺន័យសាមញ្ញណាស់ នរណាក៏អាចចូលរួមកិច្ចការទាំងអស់នេះបានដោយមិនមានបង់ថ្លៃទេ។
ពាក់ព័ន្ធជាមួយនឹង នយោបាយឈ្នះឈ្នះរបស់សម្ដេច គឺជួយកំណត់មុំ ជាសម្បត្តិសាធារណៈ ថ្វីបើសម្ដេចបានពលិកម្មដ៏ធំរបស់សម្ដេចស្ទើរមួយជីវិតនៃការនាំជាតិឱ្យមានសុខដុមសន្តិភាពនេះ ប៉ុន្តែការប្រើប្រាស់ ការទទួលយកបានសន្តិភាពនេះ សម្រាប់គ្រប់គ្នា គឺអាចបំពេញ អាចចូលរួម ដូចជាការថែទាំផ្លូវ ការការពារមរតកនានា ការខិតខំបំពេញទៅតាមគោលការណ៍នានាដែលមានគឺបញ្ជាក់ថាទាំងអស់នេះហើយជាសុភមង្គលនៅក្រោមទង់សន្តិភាពរបស់នយោបាយឈ្នះឈ្នះ។ ហើយ រឿងអត្ថន័យនៃវិមានឈ្នះឈ្នះ ២៩ ធ្នូនេះ ខ្ញុំក៏ជឿជាក់ថា មិនត្រឹមតែមានថ្ងៃ២៩ទេគឺ នឹងមានគ្រប់ថ្ងៃ ប៉ុន្តែគ្រាន់តែថ្ងៃ២៩យើងនាំគ្នារំលឹក ការជួបជុំប្រមូលគ្នា ដើម្បីផ្សព្វផ្សាយបន្ថែម និងរំលឹកគ្នាទៅវិញទៅមកគឺជាព្រឹត្តិការណ៍ដល់វិសេសវិសាល»។
សូមជម្រាបថា វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ដែលជានិមិត្តរូបឱ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ប្រជាជនរស់ដោយភាពសម្បូរសប្បាយរុងរឿង៕