រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាការងារទាក់ទងនឹងវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាមួយគណៈប្រតិភូជប៉ុន
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញការងារទាក់ទងនឹងវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុន ដឹកនាំដោយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ព្រមទាំងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ ដែលរួមមាន៖ (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សា និងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពី ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។ ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន០៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ៕