សម្ដេចធិបតី៖ ទិន្នន័យជំរឿន ពិតជាសំខាន់ ក្នុងកសាងក្របខ័ណ្ឌគោលនយោបាយ និងព្យាករណ៍សម្រាប់អនាគត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាសំខាន់ណាស់ ក្នុងការកសាងគោលនយោបាយ និងព្យាករណ៍សម្រាប់អនាគត ។
ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រាជរដ្ឋាភិបាលយើងក៏បានប្រើប្រាស់ទិន្នន័យនេះ នៅក្នុងការកសាងសំខាន់ពីរ ដោយទី១កសាងក្របខ័ណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងព្យាករណ៍សម្រាប់អនាគត ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ប៉ុន្ដែកិច្ចការសំខាន់មួយទៀត ដែលទិន្នន័យជួយយើង គឺការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ ការដាក់ចេញនូវគោលនយោបាយ ឬរៀបចំផែនការអនុវត្តសកម្មភាពផ្សេងៗ ទាមទារនូវការត្រួតពិនិត្យវាយតម្លៃ ឬត្រួតពិនិត្យឲ្យទាន់ពេលវេលា»។
សម្ដេចមហាបវរធិបតី មានប្រសាសន៍ថា ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយផ្តល់នូវការឆ្លុះបញ្ចាំងឲ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច, ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ, បែងចែកធនធានប្រកបដោយប្រសិទ្ធភាព, កំណត់វិធានការអន្តរាគមន៍នានាតាមមុខសញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដែលជាចុងក្រោយ ទិន្នន័យជំរឿនសេដ្ឋកិច្ចនឹងរួមចំណែកដល់ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ៕