សម្តេចធិបតី៖ ទិវាដែលនាំឲ្យមានការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដី នោះហើយគឺជាទិវាសន្តិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ថ្ងៃមុនមានគេលើកយោបល់ឱ្យខ្ញុំថា គួរតែមានទិវាមួយគឺទិវាសន្តិភាព។ ខ្ញុំថាមិនចាំបាច់មានទិវាសន្តិភាពទេ ទិវាដែលនាំឲ្យមានការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដីនោះហើយគឺជាទិវាសន្តិភាព។
សម្តេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ៥០០ឆ្នាំ ដែលមានការបែកបាក់គ្នា កាប់ចាក់គ្នា មកកាន់ប្រទេសមួយសន្តិភាព និងការបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ អញ្ចឹងផលលាបដែលយើងបាននៅថ្ងៃនេះគឺរស់រវើក ហើយបានដោយសារសន្តិភាពពេញលេញ ២៥ឆ្នាំកន្លងមកនេះ។ ដូច្នេះយើងត្រូវការពារសន្តិភាពឱ្យបានដើម្បីកុំឲ្យវាវិលទៅរកអតីតកាលពី ៤០ឆ្នាំមុន ៕