សម្តេចធិបតី៖ កម្ពុជា-ជប៉ុន នឹងបើកបញ្ជីឆ្នាំថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា-ជប៉ុន នឹងបើកបញ្ជីឆ្នាំថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២៤ ខាងមុខ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន បច្ចុប្បន្នបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ តាមរយៈប្រវត្តិនៃទំនាក់ទំនងយូរអង្វែងនេះ កម្ពុជានឹងធ្វើឱ្យនាក់ទំនងនេះកាន់តែស៊ីជម្រៅ។
បើតាមសម្ដេចធិបតី កម្រិតទំនាក់ទំនងកម្ពុជា ជប៉ុន មានការលើកកម្ពស់ និងមានការរីកចម្រើនយ៉ាងខ្លាំងបានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។
សូមបញ្ជាក់ថា សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។
នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ ៕