នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយដល់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចារកសន្ដិភាព រហូតដល់ពេលបច្ចុប្បន្ន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពីភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ប្រទេសជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយដល់កម្ពុជា ចាប់តាំងពីដំណាក់កាលដែលកម្ពុជាចរចារកសន្ដិភាព ដំណាក់កាលនៃការកសាងប្រទេស រហូតដល់ពេលបច្ចុប្បន្ន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនៃការកសាងប្រទេសលើកដំបូង ជប៉ុនក៏ជាដៃគូក្នុងការជួយពង្រឹងសមត្ថភាព ជួយផ្នែកបច្ចេសទេស ជួយជាជំនួយអភិវឌ្ឍន៍ផ្សេងៗ ជួយលើហេដ្ឋារចនាសម្ព័ន្ធ ហើយរហូតមកដល់ពេលនេះ ជប៉ុននៅតែជាដៃគូរបស់កម្ពុជា និងមិនត្រឹមតែជាដៃគូដែលបានជួយកម្ពុជានោះទេ ប៉ុន្ដែទំនាក់ទំនង និងភាពសកម្មនៃដៃគូរវាងប្រទេសទាំងពីរនេះ កម្ពុជា និងជប៉ុនកាន់តែខ្លាំងក្លាថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ «ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយដល់កម្ពុជា ចាប់តាំងពីដំណាក់កាលនៃការកសាង មិត្ដជប៉ុនបានដើរតួនាទីក្នុងការសម្របសម្រួលនៅក្នុងដំណាក់កាលការចរចា ក៏ដូចជាដំណាក់កាលរៀបចំ SNC ឯកឧត្ដម យ៉ាស៊ូស៊ី កាកាស៊ី ក៏ជាជនជាតិជប៉ុន ដែលជាប្រធានអ៊ុនតាក់ ហើយយើងមានកងទ័ពជប៉ុន ដែលចូលរួមរក្សាសន្ដិភាព ជាលើកទី១ ក្រោយសង្រ្គាមលោកលើកទី២ ដែលជប៉ុនបញ្ចេញទ័ពទៅក្រៅប្រទេស គឺមកកម្ពុជា ដើម្បីថែរក្សាសន្ដិភាព»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអះអាងថា សម្រាប់ឆ្នាំនេះ គឺជាខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន ហើយក៏ជាឆ្នាំឈានដល់កម្រិតខ្ពស់បំផុតនូវភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងកម្ពុជា និងជប៉ុន ដែលនឹងត្រូវដើរតួនាទី និងពង្រឹងតទៅមុខទៀត នាពេលខាងមុខ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏សូមអរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ដែលក្នុងរយៈពេល៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ហើយក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមបន្ដចូលរួមគាំទ្រដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងកម្ពុជា និងជប៉ុន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ខ្ញុំសុំសំណើតាមរយៈឯកឧត្ដមជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏សូមបន្ដចូលរួមគាំទ្រនូវកិច្ចសហប្រតិបត្ដិការ និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែច្រើនថែមទៀត ពីព្រោះធ្វើអ្វីទាល់តែធ្វើទាំងសងខាង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណសារជាថ្មីជូនចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់នូវជំនួយឥណទានឥតសំណងសម្រាប់ការកសាងនូវគម្រោងប្រព្រឹត្ដិកម្មប្រព័ន្ធបង្ហូរទឹកកង្វក់នេះ ដែលនឹងបន្ដជួយបណ្ដុះបណ្ដាលបន្ថែមទៀតលើផ្នែកបច្ចេកទេស ដើម្បីប្រើប្រាស់ និងអនុវត្ដន៍ឱ្យកាន់តែល្អ ជាពិសេសផ្នែកពាក់ព័ន្ធត្រូវចេះប្រើប្រាស់ និងថែទាំ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនបន្ថែមទៀត ៕