នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនជឿថា មន្ដ្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច ល្ងង់ដល់ថ្នាក់មិនស្គាល់អ្វីទៅជាគម្រោង BOT
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេច មិនជឿថាមន្ដ្រីជាន់ខ្ពស់នៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ល្ងង់ដល់ថ្នាក់មិនស្គាល់អ្វីទៅជាគម្រោង BOT ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ បន្ទាប់ពីសារព័ត៌មាន The Cambodia Daily បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៦ ធ្នូថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី២៧ ធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំ មិនជឿ ថា មានមន្ដ្រីរាជរដ្ឋាភិបាល ជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលជាបណ្ដុំអ្នកមានចំណេះដឹង និងសមត្ថភាព បទពិសោធន៍ ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នា រវាងអ្វីទៅដែលជា ឥតទាណនដែលយើងខ្ចី អ្វីទៅជាគម្រោង BOT»។
សម្ដេចបន្តថា សម្ដេចតេជោ ហ៊ុន សែន តែងតែលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយបំណុលចិនមកសាងសង់នោះទេ គឺសាងសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT បានន័យថា «សាងសង់ធ្វើអាជីវកម្មហើយ ផ្ទេរជូនរដ្ឋ» ៕