សម្តេចធិបតី អំពាវនាវឲ្យអ្នកសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយបើផ្សាយខុសត្រូវហ៊ានកែតម្រូវ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យអ្នកសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយបើផ្សព្វផ្សាយព័ត៌មានខុស ត្រូវហ៊ានកែតម្រូវ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់បងប្អូនសារព័ត៌មាន ដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្ដែធ្វើយ៉ាងម៉េច ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាខុស សុំកែសម្រួល នេះហើយជាកាតព្វកិច្ចវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ។
សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ សម្ដេចថា ព័ត៌មានអវិជ្ជមាននេះហើយ ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មាន កុំយករូបភាព និងប្រភពព័ត៌មានណា ដែលមិនមានអត្ដសញ្ញាណត្រឹមត្រូវ មកផ្សព្វផ្សាយជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋផងដែរ ៕