រថយន្ដដឹកលើសទម្ងន់ ៦ គ្រឿងត្រូវបានពិន័យ និងឃាត់ទុក ១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកពាមជ ខេត្តព្រៃវែង
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម គឹម សាន់ និងឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ ៣១០ គ.ម ០៥ ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជ ខេត្តព្រៃវែង។
ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ១៥គ្រឿង ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ចំនួន ០៦ គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៩-២៧ តោន ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕