វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ធ្នូ ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១០០៥នាក់ លើជំនាញចំនួន ៧ មានដូចជា ជំនាញជាងកំបោរ ការដំឡើងអគ្គិសនីក្នុងអាគារ សេវ៉ាកម្មត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ និងការថែទាំងបរិក្ខាអេឡិចត្រនិច។
ឯកឧត្តមបន្ថែមថា៖«ជំនាញទាំងនេះជាជំនាញអាទ្ធិភាពរបស់វិទ្យាស្ថាន ហើយជំនាញទាំងនេះមើលឃើញថាមានភាពងាយស្រួលទៅដល់និស្សិត និងសក្ខាកាមរកការងារធ្វើ ជាពិសេសនោះទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការសិក្សានៅទីនេះ ។ ការជ្រើសរើសជំនាញទាំងនេះផ្អែកទៅតាមពាក្យស្លោករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ។
ឯកឧត្តមបន្តថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថិភាពផងដែរ ។
គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ ។
ទន្ទឹមនឹងនេះ ឯកឧត្តម យ៉ោក សុទ្ធី បានអំពាវនាវទៅដល់យុវជនដែលមិនទាន់ចុះឈ្មោះចូលរៀនស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕