ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោកបានដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP)។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកក្រុមការងារអនុវត្តគម្រោងនិងលោកប្រធានគ្រប់គ្រងគម្រោង ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារអនុវត្តគម្រោងទាំងអស់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត អឿង ចន្ថា នាយកក្រុមការងារអនុវត្តគម្រោងធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាពការងារគម្រោង និងអនុញ្ញាតឱ្យក្រុមការងារនីមួយៗ នៃគម្រោងធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួន និងទិសដៅអនុវត្តផែនការការងារបន្តរបស់គម្រោង ដើម្បីឱ្យការប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកទឹកចិត្តដល់ក្រុមការងារអនុវត្តគម្រោងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះកាន់តែមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ ៕