អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ជំនាញថតរូប និងការសរសេររបាយការណ៍»
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពី «ជំនាញថតរូប និងការសរសេររបាយការណ៍» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី។
វគ្គបណ្តុះបណ្តាលលើជំនាញថតរូប ឧទ្ទេសនាមដោយលោក លន ហ្សាឌីណា អ្នកថតរូប និងជំនាញសរសេររបាយការណ៍ ឧទ្ទេសនាមដោយឯកឧត្តម ឌិន វីរៈ សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងជាគ្រូបង្គោលប្រចាំសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម ប៉ែន បូណា បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្គោលដែលបានចំណាយពេលវេលាដ៏មានតម្លៃ ជួយបង្ហាត់បង្រៀន បង្កើនសមត្ថភាពមន្ត្រីរាជការនៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលមានចំណេះ ជំនាញ មានសីលធម៌ល្អ មានសុខភាពល្អ និងមានការតាំងចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចការងារជូនរាជរដ្ឋាភិបាល៕