បេក្ខជនជាង ២០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកម្មសិក្សារបស់ NEA
ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី២៨ ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២១៧នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។
ជាលទ្ធផល មានអ្នកទទួលបានលទ្ធផលល្អជាប់បឋមចំនួន ២០៣នាក់ ក្នុងកិច្ចសម្ភាសហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនទាំង ៣ ដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សាកាលពីម្សិលមិញនោះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។
កញ្ញា ម៉ាត់ ម៉ារី ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ន័រតុន ជំនាញគណនេយ្យ ដែលបានសម្ភាសការងារជាប់បឋម ពីក្រុមហ៊ុន Develocus Investment ផ្នែកលក់ បានលើកឡើងថា ការចូលរួមសម្ភាសនៅ NEA ចំណេញទាំងពេលវេលា និងថវិកា ហើយការងារក៏សំបូរ ពិសេសយើងអាចសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដែលយើងស្រឡាញ់។ «នាងខ្ញុំមើលឃើញថា វាពិតជាល្អណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះជួយដល់អ្នកស្វែងរកការងារធ្វើចំណេញទាំងពេលវេលា និងថវិកា»។
កញ្ញា បាន ស្រីស ជានិស្សិតកំពុងរៀនភាសាចិន នៅវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ដែលបានសម្ភាសការងារជាប់បឋមនៅក្នុងក្រុមហ៊ុន តេលា ផ្នែកគិតលុយ បានអរគុណចំពោះក្រសួងការងារ ពិសេស NEA ដែលបានរៀបចំវេទិកាការងារដ៏មានតម្លៃនេះឡើង។
កញ្ញាបានបញ្ជាក់ថា ប្រសិនបើបងប្អូន សិស្ស/និស្សិត ចង់បានព័ត៌មានពីឱកាសការងារ ឬចង់ដឹងថាក្រុមហ៊ុនណា កំពុងមានតម្រូវការជ្រើសរើសបុគ្គលិក និងត្រូវការជំនាញអ្វីខ្លះ កុំភ្លេចតាមដានគេហទំព័រ FACEBOOK ឬតេឡេក្រាមរបស់ NEA។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕