សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើមានមនុស្សប៉ុន្មាននាក់ អវត្តមាននៅទីនេះដោយសារស្លាប់ និងរបួស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ និងរបួស ។
ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើប៉ុន្មាននាក់អាចអវត្តមាននៅទីនេះដោយសារស្លាប់ និងរបួសបាត់ទៅហើយ តើថ្នាក់ដឹកនាំនាយទាហានរបស់យើងនៅលើវេទិកានេះ ប៉ុន្មាននាក់ដែលអាចបាត់បង់ជីវិតរួចទៅហើយមិនបាននៅទីនេះ ហើយតើស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាននាក់ ក្លាយទៅជាស្ត្រីមេម៉ាយកូនកំព្រារួចទៅហើយ? តើមានឱកាសទេដែលនាយទាហានរបស់យើងពីភាគីផ្សេងៗគ្នាជួបគ្នា។ ខ្ញុំឧស្សាហ៍ជួបជាមួយនាយទាហានរបស់យើង ដែលពីមុនម្ខាងទៅរដ្ឋកម្ពុជា ម្ខាងនៅអតីតខ្មែរក្រហម គាត់បានជជែកគ្នាពីបទពិសោធន៍ប្រយុទ្ធ ដែលពេលនោះកំពុងធ្វើផែនការសម្លាប់គ្នាទៅវិទៅមក ឥលូវគាត់នៅអង្គុយជាមួយគ្នា ធ្វើផែនការការពារជាតិជាមួយគ្នា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គ្មានផលអីពីសង្គ្រាមនៃការកាប់សម្លាប់គ្នាទេនោះទេ ហើយជាពិសេសសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ប៉ុន្តែផលធំណាស់នៃសន្តិភាពយើងអាចវាស់បាន ប៉ុន្តែអ្វីដែលវាយើងមិនអាចវាស់បាន ស្មានត្រូវ គឺផលអវិជ្ជមានដែលអាចកើតមានដោយសារសង្គ្រាមមិនទាន់ចប់ គឺនឹងមានមនុស្សជាច្រើននាក់ទៀតនឹងត្រូវស្លាប់ជាបន្តបន្ទាប់។ ដោយសារយើងបញ្ចប់សង្គ្រាមទើបធ្វើឱ្យនាយទាហាន ពលទាហាន មានឱកាសរួមគ្នានៅទីនេះដោយគ្មានបែងចែកភាគីខុសគ្នា ដើម្បីរួមគ្នាប្ដេជ្ញាចិត្តការពារសុខសន្ដិភាពស្ថិរ ប្រជាពលរដ្ឋរបស់យើង ៕