អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពដើម្បីផ្ដល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពដើម្បីផ្ដល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញចូលរួមរាប់ថយក្រោយអបអរឆ្លងឆ្នាំសកល នៅយប់ថ្ងៃទី៣១ ខែធ្នូ ឯកឧត្តម សុខ លូ បានថ្លែងឱ្យដឹងថា កម្មវិធីកម្សាន្តសប្បាយជាច្រើនក្នុងឱកាសឆ្លងឆ្នាំសកលអាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញដែលបានមកពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានប្ដេជ្ញារក្សាសុខសន្តិភាព ខិតខំបម្រើបងប្អូនប្រជាពលរដ្ឋឱ្យបានល្អដើម្បីឱ្យខេត្តបាត់ដំបងមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។
បើតាមការឲ្យដឹងពីលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥៣ ៧០៨ នាក់ មានការកើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានចំនួន ២១១,០៣៨ នាក់៕