ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៣៥ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងឱកាសឆ្លងឆ្នាំសកល
ភ្នំពេញ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៤ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥៣ ៧០៨ នាក់ មានការកើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានចំនួន ២១១,០៣៨ នាក់ ។
លោក ហម អរុណ បានថ្លែងបន្ថែមថា កត្តាដែលធ្វើឱ្យភ្ញៀវមានការកើនឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ខេត្តបាត់ដំបង និងពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ ចូល២០២៤ មានដូចជា៖រដ្ឋបាលខេត្តបានពង្រីកទីតាំងសម្រាប់រៀបចំពិធីយ៉ាងទូលាយអាចលេងកម្សាន្តបានច្រើនកន្លែង,មានកងកម្លាំងប្រចាំការទាំងយប់និងថ្ងៃសម្រួលដល់ការធ្វើចរាចរណ៍និងសុវត្ថិភាពភ្ញៀវ,ពិព័រណ៍ផលិតផលក្នុងស្រុក២ទីតាំង និងស្តង់ភូមិមួយផលិតផលមួយព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារបង្អែមខ្មែរអ្នកបាត់ដំបងដើម្បីអបអរសាទរខេត្តបាត់ដំបងចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូផ្នែកម្ហូបអាហារ,តន្រ្តីខ្នាតយក្សចំនួន ២ទីតាំង,ព្រឹត្តិការណ៍បាញ់កាំជ្រួច អបអរឆ្លងឆ្នាំសកល,ព្រឹត្តិការណ៍ប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង,ភូមិខ្មែរ មានតាំងលក់ម្ហូបបង្អែមខ្មែរ និងទីតាំងថតរូបស្អាតៗនិងទាក់ទាញ,នៅតាមបណ្តាមូលដ្ឋានអាជីវកម្មរក្សាបាននូវតម្លៃសមរម្យ ជាមួយនឹងភាពសម្បូរបែបនៃសេវាកម្មជូនភ្ញៀវ,ប្រជាជនចាប់ផ្តើមមានជីវភាពប្រសើរជាងឆ្នាំមុន,មិនមានជំងឺឆ្លង,ផ្លូវជាតិលេខ៥មកកាន់ខេត្តបាត់ដំបងបានសម្ពោធជាផ្លូវការនឹងភាពងាយស្រួលឆាប់រហ័សដល់ការធ្វើដំណើររបស់ទេសចរ,តំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានកំណើនដល់ ១១៥ កន្លែង និងមានភាពទាក់ទាញខ្លាំងដោយសារជារដូវអំណោយផលដល់ការកម្សាន្តសប្បាយ អាកាសធាតុល្អ,ប្រជាពលរដ្ឋក្នុងខេត្តយល់អំពីតម្លៃនៃទេសចរណ៍ យល់អំពីបដិសណ្ឋារកិច្ច ញញឹម រាក់ទាក់ សេវា ប្រកបដោយភាពសិ្នទ្ឋស្នាល,នៅតាមបណ្តាទីតាំងសំខាន់ៗមានរៀបចំភ្លើងពណ៌បំភ្លឺយ៉ាងស្រស់ត្រកាល,មន្ទីរអង្គភាព ក្រុង ស្រុក បានសហការចូលរួមរៀបចំដាក់តាំងម្ហូបអាហារប្រកបដោយភាពទាក់ទាញនិងសម្បូរបែប។ អាជីវករលក់ដូរចូលរួមច្រើនជាងឆ្នាំមុន២ដង និងបង្កើននូវមុខម្ហូបចម្រុះច្រើនជាងឆ្នាំមុន។
ក្នុងឱកាសអញ្ជើញចូលរួមរាប់ថយក្រោយអបអរឆ្លងឆ្នាំសកល ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា កម្មវិធីកម្សាន្តសប្បាយជាច្រើនក្នុងឱកាសឆ្លងឆ្នាំសកលអាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពដើម្បីផ្ដល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕