ក្រសួងការងារ៖ ឥទ្ធិពលនៃការកើតស៊ូណាមិនៅជប៉ុនបានថមថយខណៈពលរដ្ឋមានសុវត្ថិភាព
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងភាគីជប៉ុនតាំងពីម៉ោង២និង១០នាទីរសៀល រហូតដល់ម៉ោង៩:០០នាទីយប់ម៉ោងនៅកម្ពុជា ពេលនេះហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ហើយចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី ឬសហគមខ្មែរនៅជប៉ុន បានទំនាក់ទំនងស្នើសុំជំនួយពីស្ថានទូតខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។
ក្រសួងបន្ថែមថា បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរទៅទីកន្លែងមានសុវត្ថិភាព។
ទន្ទឹមនិងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងបន្តទាក់ទងយ៉ាងជិតស្និទចំពោះពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ៕