សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់បងប្អូនកម្មករ និយោជិតដែលទទួលបានប្រាក់ខែគោល ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអបអរសាទរ ដល់បងប្អូនកម្មករ និយោជិត ទាំងអស់ដែលនឹងទទួលបានប្រាក់ឈ្នួល អប្បបរមា ២០៤ដុល្លារ សម្រាប់ឆ្នាំ ២០២៤នេះ គឺកើនឡើងជាងឆ្នាំ២០២៣ចំនួន៤ដុល្លារ។
តាមរយៈឆាណែលតេឡេក្រាម នាថ្ងៃទី២ ខែធ្នូនេះ សម្តេចធិបតី បានលើកឡើងថា «អបអរ សាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យ វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក»។
សូមបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ កម្មករ-និយោជិត រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនឹងទទួលបាន ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៤ដុល្លារក្នុងមួយខែ ខណៈប្រាក់ឈ្នួលឆ្នាំកាលពី២០២៣កន្លងទៅទទួលបានត្រឹមតែ ២០០ដុល្លារនោះ៕