ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដម និងថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្លូវលំជនបទ។
ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា តាមរយៈការត្រួតពិនិត្យ និងសិក្សានាពេលកន្លងមក បង្ហាញថាមូលហេតុចម្បងចំនួន ៤ ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរងការខូចខាត រួមមាន បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ, ការប្រែប្រួលអាកាសធាតុ, ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ និងលើករបៀបវារៈនៃនៃដំណោះស្រាយលើការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍, ការទទួលខុសត្រូវត្រ្ទតពិនិត្យគុណភាពផ្លូវ និងការស្វែងរកបច្ចេកវិទ្យាថ្មី។
ជាមួយគ្នានេះ ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋមានគុណភាព និងនិរន្ដរភាព ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖
-រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទសម្រាប់ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត
-រៀបចំផែនការបុរេសកម្មសម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ
-សិក្សាស្ថានភាពភូមិសាស្រ្ដ និងគំរូប្លង់, ត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការសាងសង់, ត្រួតពិនិត្យវត្ថុធាតុដើម, ត្រួតពិនិត្យគ្រឿងចក្រសម្រាប់ស្ថាបនា, និងការវាយតម្លៃគុណភាពតាមសំណាកគំរូដែលយកពីមន្ទីរពិសោធន៍ត្រឹមត្រូវ
-ថ្នាក់ដឹកនាំ និងមន្រ្ដីអនុវត្តគម្រោងស្ថាបនាផ្លូវត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ដគម្រោងឱ្យបានទាន់ពេលវេលាតាមកិច្ចសន្យាសាងសង់
-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវពិនិត្យ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្ទីរជំនាញពាក់ព័ន្ធ លើការរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវ និងផែនការសកម្មភាពប្រចាំឆ្នាំដើម្បីអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់នានា
-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវលើកផែនការថែទាំខួប លើខ្សែផ្លូវដែលគ្រោងស្ថាបនាដោយដៃគូអភិវឌ្ឍន៍ មុនពេលគម្រោងចាប់ផ្ដើមអនុវត្ត ៕