គ្រួសារអតីតយុទ្ធជនជាង ៦០០គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តពោធិ៍សាត់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាតក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ជាអនុប្រធានទី១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានឲ្យដឹងថា អតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចមានចំនួន ៦២៨គ្រួសារ ដែលមានទាំងដីបង្កបង្កើនផល និងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
គួរបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌ដែល ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចែកជូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ មី និងទឹកត្រី ៕