អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រជុំវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ខេត្ត
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី វឌ្ឍនភាព និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ខេត្ត ដែលរៀបចំដោយមន្ទីរផែនការខេត្តតាកែវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរងក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំង មន្រ្តីរាជការពាក់ព័ន្ធ និងតំណាងអង្គការដៃគូរសហការចូលរួមផងដែរ។
មានប្រសាសន៍បើកកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ដែរថា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់សម្រាប់អន្តរាគមន៍ និងគោលនយោបាយនានាជាពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលផ្ដោតលើប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលមានគោលបំណង ដើម្បីរក្សាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចំពោះគ្រួសារក្រីក្រទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រ និងទទួលបានប័ណ្ណសមធម៌ ០១សន្លឹក ហើយប័ណ្ណក៏មានអត្ថប្រយោជន៍សំខាន់ ពីរ គឺ ៖ ទី១ ជួយដល់គ្រួសារក្រីក្រស្វែងរក ឬទទួលសេវា ឬជំនួយផ្សេងៗ និងទី២ ជួយដល់អ្នកផ្ដល់សេវា ឬជំនួយពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណសមាជិកគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវា ឬជំនួយដល់ពួកគាត់ ។
យោងតាមរបាយការណ៍របស់ លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងថា ក្រសួងផែនការ បានសម្រេចផ្ដល់ប័ណ្ណសមធម៌ ដល់គ្រួសារដែលជាប់ការសម្ភាសន៍ អំឡុងពេលយុទ្ធនាការសម្ភាសន៍គ្រួសារងាយរងគ្រោះហនិភ័យ ដែលរងផលប៉ះពាល់ដោយសារសម្ពាធអតិផរណា សរុបចំនួន ៣៧,២៥១គ្រួសារ បន្ថែមទៀតសម្រាប់ស្វែងរកសេវាគាំពារផ្នែកសុខភាព។
ក្នុងរបាយការណ៍របស់លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅតាមបណ្ដាឃុំសង្កាត់ ទាំងអស់បានធ្វើបច្ចុប្បន្នភាពឡើងវិញ នូវទិន្នន័យគ្រួសារក្រីក្រតាមជុំឆ្នាំ២០១៩ និងគ្រួសារក្រីក្រតាមការស្នើសុំអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដេលចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាលទ្ធផលសម្រេចអនុម័តលើគ្រួសារក្រីក្រ សរុបចំនួន ២៩៩២៥គ្រួសារ សម្រាប់ទទួលបានប្រាក់ឧបត្ថម្ភសាច់ប្រាក់ និងសេវាថែទាំសុខភាព ក៏ដូចជាសេវាគាំពាសង្គមផ្សេងៗទៀតក្នុងនោះ៖
-ជាប់ជាគ្រួសារក្រីក្រកម្រិត១ សរុបចំនួន ៥៨០៤គ្រួសារ
-ជាប់ជាគ្រួសារក្រីក្រកម្រិត២ សរុបចំនួន ១៤៤៧១គ្រួសារ
-ជាប់ជាគ្រួសារងាយរងហានិភ័យ សរុបចំនួន ៩៦៥០គ្រួសារ ៕