មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០៖ យើងជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បី ការពារសន្តិភាពនៅកម្ពុជាឱ្យបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ក្នុងពិធីគោរពទង់ជាតិត្រួតពិនិត្យចំនួនទ័ពប្រចាំសប្តាហ៍ នៅទីបញ្ជាការកងពល នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានអប់រំដល់យោធិនក្រោមឱវាទទាំងអស់ ត្រូវតែគោរពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងជឿជាក់លើគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបាននាំមកនូវសន្តិភាពពេញលេញ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ឈរ សុខ បានបន្តថាដោយកត្តាខាងលើនេះហើយ ទើបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ បានសម្រេចកំណត់យក ថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា គឺជាថ្ងៃបុណ្យជាតិជាផ្លូវការណ៍ ដោយកម្ពុជាស្អប់ខ្ពើមសង្គ្រាម គឺស្រឡាញ់សន្តិភាព។
ជាចុងបញ្ចប់ ឯកឧត្តមមេបញ្ជាការកងពលបានបញ្ជាក់យ៉ាងមុតមាំថា យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បី ការពារសន្តិភាពនៅកម្ពុជាឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។