ប.ស.ស. រៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់ខ្លួនស្តីពីការចែករំលែកបទពិសោធន៍លើកិច្ចការងារវិនិយោគ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាពីសំណាក់ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ លោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គមនៃ ប.ស.ស. រួមទាំងសហការី បានសហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីការចែករំលែកបទពិសោធន៍លើកិច្ចការងារវិនិយោគ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស. សរុបប្រមាណជាង ៤០នាក់។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបន្ថែមជូនថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកជំនាញ ប.ស.ស. ពិសេសមន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គមនៃ ប.ស.ស. ផ្ទាល់តែម្តង បានយល់ដឹងកាន់តែស៊ីជម្រៅលើកិច្ចការងារវិនិយោគ ពិសេសគឺផ្តោតសំខាន់ទៅលើការគ្រប់គ្រងទុនបម្រុង យុទ្ធសាស្ត្របែងចែកប្រភេទទ្រព្យសកម្មក្នុងការវិនិយោគ ការវិភាគទីផ្សារហិរញ្ញវត្ថុ ការគ្រប់គ្រងសំពៀត និងការគ្រប់គ្រងហានិភ័យវិនិយោគ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមចែករំលែកពីសំណាក់ លោក លី សុីដេត អគ្គនាយករង នៃធនាគារជាតិនៃកម្ពុជា រួមទាំងអ្នកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាជាច្រើនរូបផងដែរ ដែលសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំពាក់ព័ន្ធទៅនឹងកិច្ចការទាំងអស់នេះ៕