ក្រសួងបរិស្ថាន ជំរុញឱ្យរោងចក្រទាំងអស់ចូលរួមដើម្បីភាពស្អាតតាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តដើម្បីគ្រប់គ្រងសំណល់រាវពីរោងចក្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ហើយជាមួយគ្នានេះរោងចក្រនឹងបន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ។
នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី ០៣ មករា ឆ្នាំ២០២៣ ខណៈឯកឧត្តមចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសហគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិតុង។
លោកសួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD បានសម្តែងនូវភាពរីករាយចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ហើយលោកនឹងចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថានដែរ ជាពិសេសលោកបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តី កង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និងទទួលបាននូវផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ៕