រដ្ឋមន្ត្រីកសិកម្ម ដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។
តាមរយៈកិច្ចប្រជុំនេះ ឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ៕