គម្រោងវារីអគ្គិសនី ស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង មានអានុភាព ១៥០មេហ្គាវ៉ាត់ បានចាប់ដំណើរការសំអាតបាតអាងហើយ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន នារសៀលថ្ងៃ០៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យកំណត់ព្រំប្រទល់បាតអាង ដើម្បីរៀបចំផែនទី ទីតាំងដែលត្រូវឈូសឆាយជាក់ស្តែង របស់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងដែនដី នៃរដ្ឋបាលខេត្តចំនួនពីរ គឺឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាស្រុកវាលវែង ដោយបានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់, តំណាងក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd, មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
ឯកឧត្តម គឹម ណុង អគ្គនាយក បានលើកឡើងថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ ជាប់ខេត្តចំនួនពីរ គឺខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ យោងតាម ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd ដើម្បីប្រមូលផល អនុផលព្រៃឈើ ក្នុងតំបន់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក។ ដូច្នេះកិច្ចប្រជុំថ្ងៃនេះ ដើម្បីជជែកគ្នាជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ និងភាគីក្រុមហ៊ុន ព្រមទាំងបន្តចុះពិនិត្យ និងកំណត់ទីតាំងនិយាមការ ដើម្បីឈូសឆាយស្ដារបាតអាង។ ជាការពិតណាស់ ការស្ដារបាតអាងប្រាកដជាប៉ះពាល់ដល់ព្រៃឈើ ដូច្នេះយើងត្រូវពិនិត្យមើល ថាតើឈើប្រភេទណាខ្លះ ដែលត្រូវរក្សាទុក ដើម្បីទាក់ទាញទឹកភ្លៀង ជាប្រភពនៃជម្រកសត្វព្រៃ និងឈើប្រភេទណាខ្លះត្រូវសំអាត។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានឱ្យដឹងថា បញ្ហាប្រឈមដែលកើតចេញពីការអនុវត្តគម្រោងស្តារបាតអាងកន្លងមក គឺក្រុមហ៊ុនបានកាប់ឈើពីតំបន់ផ្សេង មកធ្វើ ជាបាតអាង និងបញ្ហាកម្មកររបស់ក្រុមហ៊ុន ធ្វើការកាប់រានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ហើយតាំងខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បង្កជាបញ្ហាដល់អាជ្ញាធរខេត្ត ដោះស្រាយមិនចេះចប់។ ដើម្បីបង្ការបញ្ហានេះ លោកសូមខាងក្រុមហ៊ុនដែលទទួលបានសិទ្ធិស្តារបាតអាង ត្រូវធ្វើប្រវត្តិរូបកម្មករ ឱ្យបានគ្រប់គ្នា និងត្រូវមានបញ្ជីឈ្មោះកម្មករឱ្យបានជាក់លាក់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា កិច្ចការនេះក្រុមហ៊ុនត្រូវសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ដើម្បីបង្ការបញ្ហាប្រឈមទៅថ្ងៃខាងមុខ។ ជុំវិញកិច្ចការនេះ នៅពេលក្រុមហ៊ុនចុះអនុវត្ត តម្រូវឲ្យមានអាជ្ញាធរចូលរួម ទើបទទួលបានជោគជ័យ និងពុំមានទិដ្ឋភាពផ្សេងៗកើតឡើង។ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកនឹងចាត់អភិបាលរងខេត្តម្នាក់ ដើម្បីចុះពិនិត្យកិច្ចការនេះ ជាមួយក្រសួងបរិស្ថាន និងក្រុមហ៊ុន។
សូមជម្រាបជូនថា គម្រោងវារីអគ្គិសនី ស្ទឹងមេទឹក ដែលមានអានុភាព១៥០មេហ្គាវ៉ាត់ អនុវត្តដោយក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd ទទួលបានសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន៤៥ឆ្នាំ ដោយក្នុងរយៈពេល៥ឆ្នាំដំបូង ជាដំណាក់កាលស្រាវជ្រាវ និងសាងសង់ រួចធ្វើប្រតិបត្តិការក្នុងរយៈពេល៤០ឆ្នាំ ផុតរយៈពេលនេះនឹងត្រូវប្រគល់ជូនរដ្ឋវិញ។ អាងស្តុកទឹកនៃគម្រោងទាំងមូល ស្ថិតក្នុងដែនដីនៃរដ្ឋបាលខេត្តចំនួនពីរ គឺឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ចំពោះអាងស្តុងទឹកក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានផ្ទៃដីអភិវឌ្ឍន៍ ២,៦៦០ហិកតា និងខេត្តកោះកុង មានផ្ទៃដីអភិវឌ្ឍន៍ ៩៩៤ហិកតា។ ផ្ទៃអាងស្តុកទឹកក្នុងខេត្តពោធិ៍សាត់ ត្រូវធ្វើការសំអាតបាតអាងមុនគេ ដែលមានរយៈពេល៥ឆ្នាំ ដោយគិតចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤នេះតទៅ ៕