ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ ដែលវាយប្រហារឧបទ្វីប ណូតូ ក្នុងខេត្ត អ៊ីស៊ីកាវ៉ា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោក អាតស៊ូស៊ី សៃកេ ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ ដែលបានវាយប្រហារឧបទ្វីប ណូតូ (Noto) ក្នុងខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa)។
ក្នុងសារលិខិតនោះ បានបញ្ជាក់ថា ៖ «ខ្ញុំមានសេចក្តីរន្ធត់ជាខ្លាំងដោយបានទទួលដំណឹងថា មានការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ ដែលបានវាយប្រហារឧបទ្វីប ណូតូ (Noto) ក្នុងខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បន្ទាប់មកមានរលកយក្សស៊ូណាមិនៅក្នុងខេត្តមួយចំនួន។ ជាលទ្ធផលនៃការរញ្ជួយដី មានមនុស្សស្លាប់យ៉ាងហោចណាស់ ៧៣នាក់ និងរងរបួសជាង ៣០០នាក់, ប្រព័ន្ធផ្គត់ផ្គង់ទឹកត្រូវបានកាត់ផ្តាច់, ការទំនាក់ទំនងត្រូវបានរំខាន ហើយផ្ទះរាប់សិបខ្នងបានត្រូវដួលរលំ។
ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ខ្ញុំសូមបួងសួងឱ្យអ្នករបួសឆាប់ជាសះស្បើយ និងជោគជ័យក្នុងការស្តារស្ថានការណ៍ដែលរងការបំផ្លាញ និងសូមជូនពរប្រជាជនជប៉ុនទាំងអស់ឱ្យមានសុខភាពល្អ។»