ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោកអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោកប្រធាន អនុប្រធាន ស.ស.យ.ក. ក្រុង ស្រុក ក្រុមការងារបម្រើការនៅតាមមន្ទីរអង្គភាព និងលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ។
កិច្ចប្រជុំនេះបានពិនិត្យទៅលើលទ្ធផលការងារកន្លងមក បញ្ហាប្រឈម និងពិនិត្យលើសេចក្ដីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤-២០២៨ ដែលជាផែនទីចង្អុលផ្លូវសម្រាប់ដំណើរចូលរួមកិច្ចការងារសង្គម កិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ សប្បុរសធម៌ របស់ យុវជន ស.ស.យ.ក. ខេត្តតាកែវ ដើម្បីឱ្យស្របតាមការវិវឌ្ឍរបស់សង្គម និង សេដ្ឋកិច្ច និងសម្រួចផែនការសកម្មភាពឱ្យស្របតាមផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុមាតុភូមិ ២០២៣-២០២៨ របស់ ស.ស.យ.ក. ថ្នាក់កណ្ដាល ដើម្បីអាចអនុវត្តបាននៅក្នុងមូលដ្ឋាន និងអង្គភាពនីមួយៗ ដែលនឹងជួយដល់យុវជនឱ្យកាន់តែមានលទ្ធភាព សមត្ថភាព ប្រកបដោយក្រមសីលធម៌ថ្លៃថ្នូរ ព្រមទាំងអាចក្លាយជាធនធានដ៏មានសក្ដានុពលចូលរួមការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ៕