ឯកឧត្ដម សួស ប្រាថ្នា អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៥ឆ្នាំ ក្នុងស្រុកបវេល
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) ក្នុងស្រុកបវេល ក្រោមអធិបតីភាពរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមគណៈពង្រឹងស្រុកបវេល នៃខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានកិត្តិយសគណបក្ស អនុប្រធានគណបក្ស ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង ជូនដល់ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងពិធីអបអរនេះផងដែរ។
ថ្លែងក្នុងពិធីនោះឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានមានប្រសាសន៍ថា ខួបលើកទី៤៥ នៃទីវាជ័យជម្នះ ៧ មករា នៅឆ្នាំនេះ បានប្រារព្ធកម្មឡើងក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរ លើគ្រប់វិស័យ ហើយកំពុងបន្តអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានបន្តថា នេះជាលើកទី៤៥ ដែលបានបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារមានការរំខានពីជំងឺកូវីដ១៩ មានការខកខានខ្លះ ទោះជាយ៉ាងណាក៏ដោយស្មារតី ៧មករា នៅដក់ជាប់ជានិច្ចដល់យើងទាំងអស់គ្នា។ ជាក់ស្តែងសម្រាប់ស្រុកបវេល ក៏ដូចជាខេត្តបាត់ដំបង និងបណ្តាខេត្តផ្សេងៗទៀត គឺទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី អះអាងថា ថ្ងៃ ៧មករា បានរំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋក្រោមរបបដ៏យង់ឃ្នងពួកខ្មែរក្រហម ប៉ុល ពត។ ជ័យជម្នះ ៧មករា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់ឡើងវិញ ហើយក៏ជាថ្ងៃកំណើតទី២ របស់យើង ដូចនេះត្រូវចង់ចាំជានិច្ច ព្រមទាំងអរគុណសន្តិភាពដែលឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
គួររំលឹកដែរថា កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕