សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ
ភ្នំពេញ៖ ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ៧ មករា ២០២៤) ដែលរៀបចំឡើងនៅបរិវេណកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច។
សម្តេចតេជោបានមានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា កាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការប្រព្រឹត្តទៅដោយជោគជ័យ នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ។
សម្តេចតេជោ ហ៊ុន សែនបន្ថែមថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ បានផ្តល់លទ្ធភាពពេញ លេញឱ្យគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដ៏មានសក្តានុពល ដែលគណបក្សបានអប់រំបណ្តុះបណ្តាល និងត្រៀមលក្ខណៈយ៉ាងម៉តចត់បំផុត ក្រោមការសាទរ និងគាំទ្រយ៉ាងកក់ ក្តៅពីប្រជាជន៕