ឯកឧត្តម ខូយ រីដា៖ បើគ្មានជ័យជម្នះ ៧មករា យើងក៏គ្មានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានអះអាងថា បើគ្មានជ័យជម្នះ ៧មករា ១៩៧៩ យើងក៏គ្មានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលចំណុចនេះគឺជាសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា គ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។
ការអះអាងបែបនេះ របស់ឯកឧត្តម ខូយ រីដា បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៤)។
នាឱកាសនោះដែរ ឯកឧត្តមបានបញ្ជាក់ថា រយៈពេល៤៥ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចតេជោ ហ៊ុន សែន។
ឯកឧត្តម ខូយ រីដា បានបន្តថា ប្រជាជនកម្ពុជាចងចាំជានិច្ច «បើគ្មានជ័យជម្នះ ៧មករា ១៩៧៩ យើងក៏គ្មានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃដែរ» ជាពិសេសក្នុងខេត្តពោធិ៍សាត់ទាំងមូល នេះគឺជាសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឯកឧត្តម ខូយ រីដា ក៏បានប្តេជ្ញាចិត្តក្នុងការបន្តធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងសមិទ្ធផលជាតិ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្របន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ៕