ឯកឧត្តម ហេង សួរ៖ ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈទាំងក្នុងរយៈពេល ៤៥ឆ្នាំកន្លងមក និងក្នុងការបន្តដំណើរទៅមុខទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា ហើយបានចាត់ទុកជាថៃ្ងបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិទាំងអស់គួរតែរំលឹកដឹងគុណចំពោះយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានរំលឹកភាពឈឺចាប់កាលពី៤៥ឆ្នាំមុនថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយគ្មានសិទ្ធិសេរីភាពទាំងអស់ ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ជាពិសេសត្រូវបានចាត់ទុកថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ ទាំងក្នុងរយៈពេល ៤៥ឆ្នាំកន្លងមក និងក្នុងការបន្តដំណើរទៅមុខទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលយើងត្រូវប្តេជ្ញាបន្តរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ដើម្បីបន្តសម្រេចបានសមិទ្ធផលថ្មីៗទៀត”។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងប្រជាជនកម្ពុជាទាំងមូល បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២របស់កម្ពុជា និងរំលឹកដឹងគុណដល់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍៕