ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងផ្ដល់ថវិកាលើកទឹកចិត្ត ដល់សិស្សជ័យលាភី និទ្ទេស A នៅទូទាំងខេត្តតាកែវ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សជ័យលាភីនិទ្ទេស A ចំនួន ៩០នាក់ សម័យប្រលង ថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២៣។
ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ លោក នាយកវិទ្យាល័យ និងអាណាព្យាបាលចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានសម្ដែងនូវការ អបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ ជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បាន ផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រលងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រ ឲបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ នៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់គឺជា ទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ ក្មួយៗមិនត្រឹមតែរៀន ឲបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឲចេះសម្រាប់ខ្លួនឯង ហើយក្មួយៗ អាចមានឱកាសសិក្សា និងប្រលងជាប់នៅពេលនេះ ក៏ដោយសារប្រទេសយើងមានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនាពេលនេះដែរ សិស្សជ័យលាភីនិទ្ទេស A ចំនួន ៩០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាលើកទឹកចិត្ត ចំនួន ៥០០ដុល្លារ ក្នុងនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានជូនថវិកាលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ នាយកសាលាវិទ្យាល័យ ចំនួន ៣៥នាក់ ក្នុងម្នាក់ៗថវិកា ១០០,០០០រៀលផងដែរ ៕