សម្តេចធិបតី៖ គោលនយោបាយនិងផែនការសកម្មភាពទាំងអស់ គឺសុទ្ធតែធ្វើដើម្បីបម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលបានផលច្រើន ទើបយើងមានការរីកចម្រើនតទៅមុខទៀត។
សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតចំនួន ១១,០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយ និងផែនការសកម្មភាពទាំងអស់គឺសុទ្ធតែធ្វើឡើយដើម្បីបម្រើប្រជាពលរដ្ឋ និងរុញជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅខេត្តកោះកុងដែលទទួលបានសម្ធិទ្ធិផលថ្មីមួយទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថែមពីលើសមិទ្ធិផលជាច្រើននៅក្នុងមូលដ្ឋានខេត្តកោះកុង ដែលជាការធ្វើយ៉ាងណាឱ្យខេត្តនេះប្រែក្លាយជាខេត្តមួយមានសក្តានុពល និងមានកាលានុវត្តភាពខ្ពស់ សម្រាប់ជំរុញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ៕