សម្ដេចធិបតី៖ ទិវាសន្តិភាព ២៩ធ្នូ គឺសម្រាប់ប្រជាជនខ្មែរ មិនមែនរបស់ត្រកូលហ៊ុន ផ្តាច់មុខនោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលកំណត់យក ២៩ធ្នូ គឺជាទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិយើងទាំងមូល ហើយ សន្ដិភាព មិនមែនរបស់ត្រកូលហ៊ុន តែម្នាក់ឯងនោះទេ គឺជារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតចំនួន ១១,០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវា សន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាម ដែលក្នុងនោះក៏មាន «ត្រកូលហ៊ុន» មួយដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលមិនសប្បាយចិត្តជាមួយទិវាសន្តិភាពនេះ កុំឈប់សម្រាកក៏បានដែរ ប៉ុន្តែយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា សន្តិភាពគឺបានផ្តល់ផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ៕