នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កើតចេញពីបក្សប្រជាជន មិនទម្លាក់ដៃក្នុងការជួយប្រជាពលរដ្ឋឡើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីគណបក្សប្រជាជន គឺមិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋឡើយ ។
ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ភារកិច្ចរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិ ទៅមួយអាណត្តិ ដូចអ្នកប្រឡង ដូចសិស្សរៀនអីចឹង។ ទន្ទឹមនឹងយើងបានប្រឡងជាប់ យើងអត់បោះបង់ការសិក្សា ឬទម្លាក់ដៃនោះទេ យើងកាន់តែខំប្រឹងប្រែង ដើម្បីបានជាប់ម្ដងទៀត ទៅតាមលទ្ធផល និងការខិតខំប្រឹងប្រែង។ ចំពោះរាជរដ្ឋាភិបាល នៅក្នុងលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ លោកគ្រូ អ្នកគ្រូ គឺជាប្រជាពលរដ្ឋ នៅពេលដែលលោកគ្រូ អ្នកគ្រូឲ្យជាប់ ភារកិច្ចអត់មានទម្លាក់ដៃទេ គឺមានតែខិតខំ»។
សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា មិនមែនដូចខ្មែរក្រហមដែលប្រជាពលរដ្ឋផ្ដល់អំណាចឲ្យ រួចកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិ សេរីភាពដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារសប្បូរសប្បាយ សេដ្ឋកិច្ចកាន់តែរីកចម្រើន។
សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកោះកុង បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបន្ដឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល បន្ដអនុវត្តគោលនយោបាយដែលបានដាក់ចេញ ៕