សម្តេចធិបតី៖ ជាង ៣ខែមកនេះ រាជរដ្ឋាភិបាល ចំណាយថវិកាជិត ៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ
ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រយៈពេលប្រមាណជាង ៣ខែកន្លងមកនេះ រាជរដ្ឋាភិបាលចំណាយថវិកាជិត ៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ ។
ក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្មវិធីឧបត្ថមទឹកប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺយើងបានធ្វើរួចមកហើយ ហើយក្នុងរយៈពេលប្រមាណជាង៣ខែនេះ រដ្ឋាភិបាលចំណាយថវិការជិត៥លានដុល្លារ សម្រាប់ការឧបត្ថមថ្មីៗជូនដល់ស្រ្ដីមានផ្ទៃពោះ»។
សម្ដេចធិបតី បន្ថែមថា ទាំងនេះសបញ្ជាក់ថា យើងមិនបាននិយាយលេងនោះទេ គឺលទ្ធផលមានជាក់ស្ដែង គឺពិតជាបានទៅដល់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន ដូចថ្ងៃនេះមានបងប្អូនស្រ្ដីមានផ្ទៃពោះមានជាង៥០០នាក់ បានអញ្ជើញចូលរួមនៅទីនេះ ដូច្នេះសូមជូនពរបងប្អូនទាំងអស់គ្នា និងសូមចូលរួមធ្វើយ៉ាងណាជួយខេត្តកោះកុង កុំឲ្យតិចជាងគេពេកក្នុងចំនួនប្រជាពលរដ្ឋ។
សម្ដេចធិបតីលើកឡើងថា ចំពោះការយកចិត្តទុកដាក់ជួយដល់បងប្អូនស្រ្ដីមានផ្ទៃពោះ ក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បានធ្វើហើយ ហើយសូមបន្ដធ្វើបន្ថែមទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋជាបន្ដបន្ទាប់៕