សម្ដេចធិបតី ផ្ដាំផ្ញើដល់សិស្សដែលប្រឡងមិនទាន់ទទួលបានជោគជ័យសូមកុំអស់សង្ឃឹម ត្រូវខិតខំបន្តរៀនសូត្រដើម្បីទទួលបាននិទ្ទេសល្អនៅពេលក្រោយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សដែលប្រឡងមិនទាន់ទទួលបានជោគជ័យសូមកុំអស់សង្ឃឹម ហើយត្រូវខិតខំបន្តសិក្សារៀនសូត្រដើម្បីទទួលបាននិទ្ទេសល្អនៅពេលក្រោយ។
សម្តេចធិបតី មានប្រសាសន៍ផ្តាំផ្ញើយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ទូទាំងប្រទេស ចំនួន ១,៦៧៣នាក់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរក្រសួងអប់រំ និងគ្រប់ភាគីពាក់ព័ន្ធលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មានភាពរលូន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា លោកគ្រូអ្នកគ្រូគឺជាតួអង្គយ៉ាងសំខាន់ដែលធ្វើឲ្យសិស្សានុសិស្សសម្រេចបានជោគជ័យក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីការខិតខំដោយខ្លួនឯង និងការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ។
គួររំលឹកថាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៣ ដូចតទៅ៖
-ឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A ចំនួន ១១នាក់។
-ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៨នាក់។
-ឆ្នាំ២០១៦ បេក្ខជនជាប់និទ្ទេស A ចំនួន ៤០៥នាក់។
-ឆ្នាំ២០១៧ បេក្ខជនជាប់និទ្ទេស A ចំនួន ៤២៤នាក់។
-ឆ្នាំ២០១៨ បេក្ខជនជាប់និទ្ទេស A ចំនួន ៤០៨នាក់។
-ឆ្នាំ២០១៩ បេក្ខជនជាប់និទ្ទេស A ចំនួន ៤៤៣នាក់។
-ឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំង និងការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស ។
-ឆ្នាំ២០២១ បេក្ខជនជាប់និទ្ទេស A ចំនួន ១,៧៥៧នាក់។
-ឆ្នាំ២០២២ បេក្ខជនជាប់និទ្ទេស A ចំនួន ១,០៥៨នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)។
-ឆ្នាំ២០២៣ បេក្ខជនជាប់និទ្ទេស A ចំនួន ១,៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់) ៕