រដ្ឋមន្រ្តីការងារ ជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដែលក្រសួងការងារ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅវិមានរដ្ឋសភា។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងសំខាន់គឺដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពរបស់ក្រសួង និងពង្រឹងកិច្ចសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព ៕