ឯកឧត្តម ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈបំពេញទស្សនកិច្ចការងារក្នុងវិស័យការពារសុវត្ថិភាពសាយប័រ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅវៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងត្រៀមលក្ខណៈសម្រាប់បំពេញទស្សនកិច្ចការងារ និងផ្លាស់ប្ដូរបទពិសោធន៍ការងារការពារសុវត្ថិភាពសាយប័រ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ទី១២ ខែមករា ឆ្នាំ២០២៤។
កិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការរង អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ទស្សនកិច្ចនេះមានគោលបំណងជាក់លាក់ ដើម្បីស្ដាប់បទពិសោធន៍របស់ភាគីវៀតណាមលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបំពេញការងារប្រចាំថ្ងៃ និងការបម្រើសេវាសាធារណៈ។ បន្ថែមពីនេះ ទស្សនកិច្ចផ្លូវការនេះក៏មានគោលបំណងស្វែងយល់ពីចក្ខុវិស័យរបស់ភាគីវៀតណាមសម្រាប់ពេលអនាគត និងសិក្សាពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការលើប្រព័ន្ធបច្ចេកវិទ្យារវាងវៀតណាម ជាមួយក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជាអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ផងដែរ៕