ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត ព្រមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាច្រេីនរូបទៀតផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានា ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រងចាត់ចែងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ គ.ជ.អ.ប. បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀប ចំសេចក្តីណែនាំបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់ដែរថា នៅដើមនីតិកាលថ្មីនេះដូចគ្នា យន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ លើសេវាប្រមាណជាង ៨០០ប្រភេទ ឱ្យកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាព ដោយទទួលបានអបអរសាទរ និងពេញចិត្តទាំងពីប្រជាពលរដ្ឋ ពីសង្គមស៊ីវិល និងពីបណ្ដាប្រទេសជាដៃគូ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប. និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល ៤ខែ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការងារដូចបានបញ្ជាក់មកនេះ ក៏ទទួលការកត់សម្គាល់ និងកោតសសើរពីរដ្ឋសភាផងដែរ។ ឯកឧត្តមបានរម្លឹកជូនអង្គប្រជុំថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សមាជិករដ្ឋសភាជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យ គ.ជ.អ.ប. បន្តខិតខំប្រឹងប្រែងជំរុញ និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់នេះ អោយបានកាន់តែមុតស្រួច ស៊ីជម្រៅ និងឱ្យមានប្រសិទ្ធបន្ថែមទៀត។
ក្នុងនាមប្រធាន គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើសុំឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.អ.ប. និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក ៕