ក្រសួងយុត្តិធម៌ ប្រកាសស្វាគមន៍សង្គមស៊ីវិល ដែលចង់ចូលរួមគាំទ្រដល់ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ ប្រកាសស្វាគមន៍សង្គមស៊ីវិល ដែលចង់ចូលរួមគាំទ្រដល់ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច។
ឯកឧត្ដមបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា” យើងចង់ដឹងថា តើដៃគូរបស់យើង ដែលហារមាត់ពេលណាក៏ដោយចង់ជួយប្រជាជន តើគាត់យកការទទួលខុសត្រូវចំពោះ ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិចដូចម្តេច? យើងបើកទ្វារចំហរ”។
ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បន្ថែមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា
ពាក់ព័ន្ធនឹងការចូលរួមរបស់សង្គមស៊ីវិលនេះ កន្លងទៅក្រសួងក៏ធ្លាប់បានហៅមកពិភាក្សាគ្នាដើម្បីស្វែងរកជំនួយគាំទ្រផងដែរ ប៉ុន្តែពេលពួកគាត់ត្រឡប់ទៅវិញ មិនបានទាំងផ្តល់ចម្លើយសម្រាប់កម្ពុជាថា ជួយ ឬមិនជួយនោះទេ៕