ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ត្រៀមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែល ក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។
តាមការអង្កេតប្រភព និងសកម្មភាពសំខាន់ៗដែលបង្កឱ្យមានកំណើនកំហាប់ ភាគល្អិតនិចលនេះរួមមាន៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានី-ខេត្ត ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ ព្រមទាំងចាត់វិធានដូចខាងក្រោម៖
ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទំចំហ។
ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោលនិងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។
ទី៣៖ ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។
និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង៕