គណៈកម្មការរៀបចំការប្រឡងប្រជែង រៀបចំប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ ឆ្នាំ២០២៣
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ និងការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌរបស់ក្រសួង-ស្ថាប័នដទៃទៀត នៅទីស្តីការក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំពិភាក្សានិងឯកភាពលើវឌ្ឍនភាពការងាររួមមាន៖ ១.នីតិវិធីនៃការរៀបចំបញ្ជីឈ្មោះបេក្ខជនប្រឡងឱ្យបានត្រឹមត្រូវច្បាស់លាស់, ២.ការត្រៀមរៀបចំការផ្គត់ផ្គងលើដំណើរការប្រឡង, ៣.ការកំណត់ដំណើរការវិញ្ញាសាប្រឡង និងការធ្វើកំណែប្រឡង, ៤.ការកំណត់យកទីតាំងមណ្ឌលប្រឡង, ៥.ការរៀបចំយន្តការក្នុងការអនុវត្ត និងការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ, ៦.ការរៀបចំយន្តការនៃការស្រង់ និងដាក់ពិន្ទុរដល់បេក្ខជនប្រឡង, ៧.ការបង្កើតសេចក្តីសម្រេចទទួលស្គាល់ថ្មីរបស់គណៈកម្មការ និងអនុគណៈកម្មការដោយបញ្រ្ជាបយេនឌ័រជាប្រធានឬអនុប្រធាន និង៨.ការរៀបចំស្នើសុំគោលការណ៍ ស្តីពីការជ្រើសរើសយកគ្រូបង្រៀនធ្វើជាអនុរក្សក្នុងការប្រឡងជ្រើសរើស។
សូមបញ្ជាក់ថា៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ លើក្របខណ្ឌគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នឹងបើកកិច្ចប្រជុំបន្តជាលក្ខណៈអន្តរក្រសួង ក្នុងនោះរួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ៕