អភិបាលខេត្តតាកែវ ជំរុញក្រុមការងារចុះបញ្ជីដីធ្លី ពន្លឿនការចុះបញ្ជី និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ឱ្យបានលឿនឆាប់រហ័ស
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការជំរុញ និងរំលឹកទៅដល់ក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរពាក់ព័ន្ធ ត្រូវសម្របសម្រួលធ្វើយ៉ាងណាពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្ដល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ងាយស្រួលប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងបែបនេះឱកាសអញ្ជើញចែកចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដល់ពលរដ្ឋ នៅភូមិអំពិលរៀង ចំនួនសរុប ៣៧៥ក្បាលដី ភូមិព្រៃកប្បាស ខ ចំនួនសរុប ៥៩៦ក្បាលដី និងភូមិដើមពោធិ៍ ចំនួនសរុប ៤៨៨ក្បាលដី ស្ថិតឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បន្តថា ដើម្បីស្របតាមផែនការរបស់រដ្ឋាភិបាល ក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគ្រោងទុកមន្រ្តីជំនាញ ដែលទទួលបន្ទុកលើការងារនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឱ្យបានលឿនឆាប់រហ័ស ក្នុងនោះអាជ្ញាធរមូលដ្ឋានក៏ត្រូវជួយសម្របសម្រួល ដោះស្រាយ រាល់បញ្ហាវិវាទដីធ្លីផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរាំងស្ទះដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ សាស្រ្តខេត្តតាកែវ ពោលធ្វើយ៉ាងណាឱ្យការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ ក្នុងនោះ បានធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅជាមួយ និងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីទាំង ៣ចំណុច ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕