រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមចុះបេសសកកម្ម ពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលធាតុចូលក្នុងការពិភាក្សាអំពីតម្លៃប្រើប្រាស់ផ្លូវហាយវេចូល-ចេញអាកាសយានដ្ឋាន និងតម្លៃចំណត
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារចំពោះកិច្ច បានអញ្ជើញចុះបំពេញបេសកកម្មពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចដោះស្រាយបញ្ហាតម្លៃប្រើប្រាស់ផ្លូវតភ្ជាប់ពី ផ្លូវជាតិលេខ៦ ចូលទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
នៅក្នុងដំណើរបេសកកម្មនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងក្រុមហ៊ុន AIAI និងបណ្ដាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដែលជាសមាជិកក្រុមការងារចំពោះកិច្ច ជាច្រើនរូបផ្សេងទៀត។
ការចុះពិនិត្យទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមការងារចំពោះកិច្ច កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់បានជាធាតុចូលក្នុងការពិភាក្សារកដំណោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ ជំវិញករណីតម្លៃប្រើប្រាស់ផ្លូវហាយវេ តភ្ជាប់ពី ផ្លូវជាតិលេខ៦ ចូលទៅកាន់អាកាសយានដ្ឋាន និងតម្លៃចំណតនៅក្នុងអាកាសយានដ្ឋាន ៕