រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ
ភ្នំពេញ៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តមអនុប្រធាន លោកអនុប្រធាន ព្រមទាំងសមាជិក-សមាជិកានៃលេខាធិការដ្ឋានទាំងអស់សរុបប្រមាណ ២០រូប។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីប្រកាសសមាសភាព តួនាទីភារកិច្ចរបស់សមាជិក សមាជិកា ទាំងអស់ និងផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ទី១)ទស្សនវិស័យ, ទី២)បេសកកម្ម និងទី៣)តួនាទីភារកិច្ច និង៤)រៀបចំផែនការការងារសម្រាប់ការអនុវត្តសកម្មភាពឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន។
សូមបញ្ជាក់ថា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេមានតួនាទីភារកិច្ច៖
-រៀបចំគម្រោងផែនការ និងកៀរគរកញ្ចប់ថវិកាពីដៃគូអភិវឌ្ឍន៍ និងពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារគ្រប់គ្រងគ្រប់គ្រងអាងស្ទឹងទន្លេ
-ជំរុញរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការគ្រប់គ្រងអាងស្ទឹងទន្លេ
-លើកកម្ពស់ការយល់ដឹង និង អំពីបញ្ហាការគ្រប់គ្រងអាងទន្លេប្រកបដោយនិរន្តរភាព
-សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ក្នុងការពង្រឹងការងារគ្រប់គ្រងអាងស្ទឹងទន្លេឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព
-ពង្រឹងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងព័ត៌មានការងារគ្រប់គ្រងអាងស្ទឹងទន្លេ
-ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសិក្សាស្រាវជ្រាវការងារគ្រប់គ្រងអាងស្ទឹងទន្លេ
-តាមដាន និងវាយតម្លៃកម្មវិធី និងគម្រោងគ្រប់គ្រងអាងស្ទឹងទន្លេ
-រាយការណ៍អំពីលទ្ធផលការងារគ្រប់គ្រងអាងទន្លេជូនប្រធានស្ថាប័ន
-បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ប្រធានស្ថាប័ន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់សមាជិក-សមាជិកានៃលេខាធិការដ្ឋានទាំងអស់ត្រូវសហការ និងខិតខំប្រឹងប្រែងអនុវត្តការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ព្រមទាំងគោរពរាយការណ៍ពីវឌ្ឍនភាពការងាររៀងរាល់ត្រីមាសជូនឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលមាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន និងឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ជាអនុប្រធានអចិន្ត្រៃយ៍ រួមជាឯកឧត្តមអនុប្រធាន និងសមាជិកមកពីក្រសួងពាក់ព័ន្ធសរុប ១៧រូប ៕