លោក Blinken ជួបជាមួយមេដឹកនាំប៉ាឡេស្ទីន ខណៈដែលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា
រ៉ាម៉ាឡា៖ កងទ័ពអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប និងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃពុធ ខណៈដែលអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីននៅតំបន់ West Bank ដែលកាន់កាប់។
យោធាបានឲ្យដឹងថា ខ្លួនបានសម្លាប់ភេរវកររាប់សិបនាក់ និងបានវាយប្រហារគោលដៅ ១៥០ ផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាកន្លែងដែលក្រសួងសុខាភិបាលបាននិយាយថា មនុស្ស ១៤៧នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងមុន។
សង្រ្គាមបង្ហូរឈាមបំផុតមិនធ្លាប់មាននៅហ្គាហ្សាដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលាបានផ្ទុះឡើងអស់រយៈពេលជាង ៣ ខែហើយបានសម្លាប់មនុស្សជាង ២៣,០០០នាក់នៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានឲ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន Mahmud Abbas បានពិភាក្សាជាមួយ លោក Blinken ពីតម្រូវការដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza Strip និង West Bank ដែលត្រូវបានហែកហួរដោយភាពចលាចលដ៏សាហាវផងដែរ។
ប្រភព៖ France 24
ប្រែសម្រួលដោយ៖ ឡាយ លីហួ