ជិត១សប្តាហ៍ ក.ប.ប. រកឃើញទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២០០គីឡូក្រាម
ភ្នំពេញ៖ មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពង់ចាម កំពង់ធំ សៀមរាប តាកែវ កំពត កោះកុង ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ មណ្ឌលគិរី និងរាជធានីភ្នំពេញ ដែលជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តចុះត្រួតពិនិត្យគុណភាពសុវត្តិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រេចគ្រប់ប្រភេទនៅតាមបណ្តាទីផ្សារសំខាន់ៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាក់ស្តែងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទ ពុំមានគុណភាព និងមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ សរុបចំនួន ១១៦.៨១គីឡូក្រាម បារីចំនួន ៥០កញ្ចប់ និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ចំនួន ៩៤.០២លីត្រនិង២៨កេស។
ជាមួយគ្នានេះដែរ មន្ត្រីយើងបានខិតខំបន្តអប់រំផ្សព្វផ្សាយនិងចែកជូននូវឯកសារជាច្បាប់នឹងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីបញ្រ្ជាបការយល់ដឹងដល់អាជីវករទាំងអស់ឱ្យបានកាន់តែទូលំទូលាយ និងចូលរួមអនុវត្តច្បាប់ ដើម្បីចៀសវាងពីទោសទណ្ឌនានា៕