ប្រធានសមាគមជប៉ុន-កម្ពុជា កោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិក ស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។
ឯកឧត្តម បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបឯកឧត្តម និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ ឯកឧត្តម បានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍ ប្រទេសកម្ពុជាជាពិសេស ក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។
ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅ ព្រះ រាជា ណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹង ដើរ តួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។ ឯកឧត្តមមានប្រសាសន៍ថា ហេតុនេះប្រសិន បើ យើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។
នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលា បណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និង រីករាយ ស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេច តេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជា លទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។
ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរក សក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទី ក្រុង តូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕